រឿង រូបថតមួយបុស្តិ៍ជាមួយប៉ា
📖 វគ្គ “ វីរៈបុរសក្នុងចិត្តកូន ”
តើហេតុអ្វីបានជាពួកយើងចាំបាច់ត្រូវផ្ដល់ការស្រឡាញ់និងការយកចិត្តទុកដាក់ទៅកាន់អ្នកមានគុណ? តើរវាងពួកគាត់ទាំងពីរ មានអ្វីសំខាន់សម្រាប់កូនៗគ្រប់រូបទៅ? ប្រាកដណាស់ ទាំងម៉ាក់របស់គេនិងម៉ាក់របស់ខ្ញុំ គាត់គឺជានារីម្នាក់ដ៏ល្អ ជាមេផ្ទះដ៏ចំណាន ជាអ្នកផ្ដល់ដំបូន្មានល្អៗដល់ខ្ញុំផងដែរ ។ ចុះសម្រាប់ប៉ារបស់អ្នកទាំងអស់គ្នាវិញ! តើគាត់ជាមនុស្សបែបណាសម្រាប់អ្នក? សម្រាប់ខ្ញុំ ប៉ា គាត់ជាមនុស្សម្នាក់ដែលមិនសូវចេះនិយាយស្ដីប៉ុន្មាននោះទេ គាត់មានមាឌធំ សម្បុរស្រអែម កម្ពស់ប្រហែល ១.៧៥ម អាយុ ៤២ឆ្នាំ គាត់ជាមនុស្សដែលកាចណាស់សម្រាប់ខ្ញុំ ប៉ុន្តែក្រោយពេលដែលខ្ញុំបានធំដឹងក្ដីឡើងទើបដឹងថា ប៉ាគាត់កាចព្រោះចង់អោយខ្ញុំល្អប៉ុណ្ណោះ ។
ក្នុងឆ្នាំ២០០៦ សាលាបឋមសិក្សាព្រៃតាហ៊ូ ស្ថិតក្នុងខេត្តកំពង់ធំ
ថ្ងៃ ពុធ ទី១ ខែ វិច្ឆិកា ឆ្នាំ២០០៦ ថ្ងៃបើកបវេសនកាលថ្មីនៃការសិក្សារបស់សិក្សានុសិស្ស ជាឆ្នាំដំបូង ដែលខ្ញុំត្រូវចុះឈ្មោះចូលរៀនថ្នាក់ទី១ នៃសាលាបឋម ។
ក្មេងស្រីមាឌតូច សម្បុរស ថ្ពាល់ប៉ោងៗ កំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើពូក សម្រឹបជើងត្រុកៗរបស់បុរសវ័យចំណាស់ម្នាក់ បានដើរតម្រង់មកកាន់គ្រែ ដែលក្មេងស្រីកំពុងតែគេងនោះ
“និ ហា៎! ភ្ញាក់ឡើងកូនដល់ម៉ោងទៅរៀនហើយ”
“ប៉ា! សុំគេងបន្តិចទៀតបានទេ ខ្ញុំងងុយគេងណាស់!”
“ឆាប់ងើបឡើង! ប៉ាវាយឯងឥលូវហើយ!”
“ហូយ... ធុញណាស់! ខ្ញុំមិនចង់ទៅរៀនទេណាប៉ា!”
“ឆាប់ងើបឡើង! ទៅងូតទឹក! ដប់នាទីទៀត មិនឃើញឯងចុះទៅ! ប៉ាមកវាយឯងហើយ!”
“ចា៎ស ប៉ា!”
ដប់នាទីក្រោយមក ខ្ញុំបានចុះពីលើផ្ទះ ក្នុងសំលៀកបំពាក់ជាសិស្សសាលាបឋម អាវសសំពត់ខៀវ កាតាបពណ៌ខៀវដាក់ប្រដាប់ប្រដារៀនសូត្រ
“ចុះមកហើយ ញ៉ាំបាយ ចាំប៉ាជួនទៅរៀន”
“ចា៎ស ប៉ា!”
បន្ទាប់ពីញ៉ាំបាយរួចហើយ ប៉ាហើយនិងខ្ញុំបាននាំគ្នាឡើងលើម៉ូតូ ដើម្បីធ្វើដំណើរទៅសាលារៀន។ ថ្ងៃនេះជាថ្ងៃបើកបវេសនកាលដំបូងនៃការចូលរៀនរបស់សិស្សានុសិស្ស ឪពុកម្ដាយជាច្រើនបាននាំកូនៗរបស់ពួកគេទៅសាលាដូចជាប៉ារបស់ខ្ញុំដែរ។ បរិវេណសាលាពោរពេញទៅដោយកូនសិស្សទាំងតូចទាំងធំ ដែលមើលទៅសុទ្ធតែអាវពណ៌សនិងសំពត់ខៀវ ។ ខ្ញុំនៅពេលឃើញសិស្សសាលាច្រើនបែបនេះមានអារម្មណ៍ថាភ័យខ្លាចខ្លាំងណាស់ មានលោកគ្រូអ្នកគ្រូចាំស្វាគមន៍កូនសិស្សនៅឯរបងនៃសាលារៀនបឋម។
“ប៉ា! ខ្ញុំខ្លាចខ្លាំងណាស់!”
“មិនអីទេ! ដើរចូលទៅក្នុងសាលាទៅកូន!”
“ប៉ា! អ្នកគ្រូលោកគ្រូចេះស៊ីកូនក្មេងដែលទេប៉ា!”
“ម៉េចហ្នឹងអាចទៅកូន! លោកគ្រូអ្នកគ្រូក៏ដូចជាឪពុកម្តាយទី២របស់កូនដែរ ពួកគាត់គឺជាមនុស្ស មិនមែនជាយក្សឯណា! កូនមើលពួកគាត់ចុះ!”
“ពួកគាត់ក៏ដូចជាម៉ាក់ហើយនិងប៉ាដែរទេតើ! ខ្ញុំលឺមិត្តភក្តិនិយាយថាលោកគ្រូអ្នកគ្រូ ពួកគាត់កាចណាស់ ដូចជាយក្សអ៊ីចឹងប៉ា!”
អ្នកគ្រូម្នាក់បានដើរមកកាន់ប៉ារបស់ខ្ញុំ ថែមទាំងលើកដៃជំរាបសួរមកកាន់ប៉ាទៀតផង! អ្នកគ្រូពិតជាស្អាតខ្លាំងណាស់ គាត់មានកម្ពស់ខ្ពស់តូចស្ដើងនិយាយរាក់ទាក់មកកាន់ប៉ារបស់ខ្ញុំ...
“សួស្ដី បង! ថ្ងៃនេះយក និស្ស័យមករៀនមែនទេបង”
“បាទ! នេះ និស្ស័យ ខ្ញុំសុំផ្ញើកូនផងអ្នកគ្រូ!”
“ចា៎ស! មិនអីទេបង ចាំខ្ញុំជួយមើលថែនិស្ស័យអោយចុះ បងកុំបារម្ភអី!”
“បាទ! អ៊ីចឹង ខ្ញុំសុំត្រឡប់ទៅផ្ទះវិញហើយ អ្នកគ្រូ! ខ្ញុំផ្ញើផងណា!”
“ចា៎ស! បង”
“និស្ស័យ! នេះអ្នកគ្រូរបស់កូន ជំរាបសួរគាត់ទៅ!”
“ជំរាបសួរអ្នកគ្រូ”
“ល្អហើយកូន! តោះពួកយើងចូលទៅក្នុងថ្នាក់ទៅ! ជំរាបលាលោកប៉ាទៅកូន!”
“ជំរាបលា ប៉ា! កូនទៅរៀនហើយ!”
ម៉ោង ១០ : ៣០ នាទី សិស្សគ្រប់គ្នាម្នីម្នារត់ចេញទៅផ្ទះ ព្រោះជាម៉ោងដែលសិស្សគ្រប់គ្នាត្រូវចេញពីការធ្វើពិធីបើកបវេសនកាលរបស់សិស្សថ្ងៃដំបូង។ ខ្ញុំបានរងចាំប៉ានៅឯមុខរបងសាលា មួយសន្ទុះធំ ហើយអ្នកគ្រូក៏នៅជាមួយខ្ញុំដែរ មិនយូរប៉ុន្មាននោះទេ ខ្ញុំបានឃើញប៉ាជិះម៉ូតូមកយកខ្ញុំ ខ្ញុំបានជំរាបលាអ្នកគ្រូត្រឡប់ទៅផ្ទះវិញ!
“អ្នកគ្រូ ខ្ញុំសុំជំរាបលាទៅផ្ទះមុនហើយ!”
“ល្អណាស់កូន! ដើរទៅរកប៉ាចុះ!”
“ចា៎ស អ្នកគ្រូ!”
ខ្ញុំបានរត់ទៅរកប៉ាយ៉ាងលឿនតាមចរិករបស់ក្មេង ខ្ញុំបានឡើងលើម៉ូតូហើយឱបចង្កេះប៉ាយ៉ាងជាប់ ព្រោះប៉ាគាត់តែងប្រាប់ថា ពេលជិះម៉ូតូត្រូវឱបប៉ាអោយជាប់ ដើម្បីកុំអោយធ្លាក់! ខ្ញុំបានជិះម៉ូតូបណ្ដើរសួរប៉ាបណ្ដើរ...
“ប៉ា ថ្ងៃនេះ ខ្ញុំមិនឃើញអ្នកគ្រូមិនបង្រៀនអីសោះ អ៊ីចឹងប៉ា!”
“ថ្ងៃនេះ ជាថ្ងៃបើកបវេសនកាល គេមិនទាន់ចូលរៀននៅឡើយទេណាកូន ទាន់តែថ្ងៃស្អែកបានគេរៀនណាកូន!”
“ម៉េចអ៊ីចឹងប៉ា!”
“ថ្ងៃបើក បវេសនកាល ជាថ្ងៃដែលសិស្សនិងគ្រូទាំងអស់ជួបជុំគ្នា ដើម្បីស្គាល់គ្នាអោយកាន់តែច្បាស់!”
“អូ៎! អ៊ីចឹងទេហ្អ៎ ប៉ា!”
“តើកូនទៅសាលាបានស្គាល់អ្នកណាខ្លះហើយកូន?”
“កូនស្គាល់ច្រើនណាស់ប៉ា! មាន វលក្ខ ស្រីកា ពិសី ស្រីតា រដ្ឋាទៀតផងណាប៉ា! ខ្ញុំបានឃើញម្នាក់មួយនោះ មានរូបរាងធាត់ណាស់ប៉ា វារៀននៅថ្នាក់ជាមួយកូនទៀតផង!”
“ល្អហើយកូន ចាប់ពីពេលនេះទៅ កូនត្រូវតែរាប់អានមិត្តភក្តិអោយបានច្រើនទើបជាការប្រសើ!”
“ចា៎ស ប៉ា!”
ក្នុងឆ្នាំ២០១០ រយៈពេលបីខែមកហើយដែលប៉ាមិនបានមកលេងផ្ទះ ព្រោះតែស្ថានភាពគ្រួសារនិងការជំពាក់បំណុល ទើបធ្វើអោយប៉ាបានចាកចោលគ្រួសារទៅធ្វើការជាជាងឈើនៅឯស្រុកឆ្ងាយ ។ រីឯម៉ាក់ក៏គ្មានពេលមើលថែខ្ញុំដូចមុន គាត់រវល់តែរកស៊ីសងបំណុលមិនដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្ញុំឡើយ គាត់បានត្រឹមតែយកខ្ញុំទៅសាលា តែនៅពេលដែលខ្ញុំដល់ម៉ោងត្រូវចេញទៅផ្ទះ ខ្ញុំបានដើរទៅផ្ទះដោយខ្លួនឯង មេរៀនដែលខ្ញុំមិនចេះ ក៏គ្មានអ្នកសួរ មេរៀនដែលខ្ញុំឆ្ងល់ក៏គ្មានអ្នកឆ្លើយ ណាមួយទោះសួរម៉ាក់ក៏គាត់មិនចេះ ព្រោះរាល់ការឆ្ងល់របស់ខ្ញុំសុទ្ធតែប៉ាជាអ្នកឆ្លើយ និងស្រាយបំភ្លឺអោយខ្ញុំបានដឹងច្បាស់ ។ ចាប់តាំងពីថ្ងៃដែលប៉ាបានចេញទៅធ្វើការមក រាល់កិច្ចការសាលាដែលអ្នកគ្រូបានដាក់អោយខ្ញុំធ្វើ ខ្ញុំមិនធ្វើវាទេ ផ្ទុយពីពេលដែលប៉ានៅ ទាំងឆ្ងល់អ្វីប៉ាអាចឆ្លើយចេញទាំងអស់ ។
ការរៀនសូត្ររបស់ខ្ញុំ កាន់តែធ្លាក់ចុះទៅៗ ព្រោះគ្មានអ្នកណែនាំបន្ថែមនៅឯផ្ទះ អ្នកគ្រូគាត់ក៏បានសួរខ្ញុំផងដែរ
“និស្ស័យ! តើកូនមានបញ្ហាអ្វីមែនទេ? ហេតុអ្វីបានជាការសិក្សារបស់កូនធ្លាក់ចុះយ៉ាងនេះអ៊ីចឹង?”
“អ្នកគ្រូ! ប៉ារបស់ខ្ញុំគាត់មិននៅផ្ទះទេ! រីឯម៉ាក់ក៏រវល់រកស៊ីដែរ ខ្ញុំមិនចេះធ្វើទេ!”
“បើកូនឆ្ងល់អាចសួរអ្នកគ្រូបានទេតើ!”
“តើខ្ញុំអាចសួរអ្នកគ្រូបានដែរមែនទេ?”
“បាន! កូនៗដែលនៅក្នុងថ្នាក់នេះ បើមានចម្ងល់អីអាចសួរអ្នកគ្រូបានដូចគ្នាណាលឺទេ!”
“បាទ/ចា៎ស! អ្នកគ្រូ”
៥ខែ ក្រោយមកម៉ាក់ហើយនិងប៉ាក៏បានសងបំណុលគេអស់ ដោយសារតែបងប្រុសរបស់ខ្ញុំគាត់បានប្រលងជាប់ក្នុងសាលាបង្រៀនកូរ៉េមួយកន្លែង គាត់បានជាប់ជាពលកររបស់កូរ៉េ គ្រួសាររបស់ខ្ញុំក៏បានធូរធាជាងមុនផងដែរ ។ ក្រោយពីការត្រឡប់មកវិញរបស់ប៉ា ខ្ញុំមានអារម្មណ៍ថា ប៉ាគាត់បានផ្លាស់ប្ដូរអត្តចរិតខ្លាំងណាស់ ប្ដូរពីមនុស្សម្នាក់ដែលយកចិត្តទុកដាក់លើកូនគ្រប់គ្នា ប្រែទៅជាមនុស្សដែលមិនខ្វល់ពីកូន មិនយកចិត្តទុកដាក់លើកូន ខ្ញុំបានដឹងថាគាត់ប្រែប្រួល ព្រោះតែថ្ងៃមួយគាត់បានវាយខ្ញុំនិងបងស្រីរបស់ខ្ញុំយ៉ាងខ្លាំង...
“និ នាត មានឃើញលុយប៉ាដែរទេ!”
“លុយអីគេប៉ា!”
បងស្រីរបស់ខ្ញុំក៏បកទៅសួរប៉ាវិញទាំងងឿងឆ្ងល់!
“លុយប៉ា អម្បាញ់មិញនេះប៉ាទុកនៅទីនេះទេតើ! ហេតុអ្វីបានជាមិនឃើញ? ឯងយកលុយប៉ាមែនទេ?!”
“អត់ទេ! ខ្ញុំមិនបានយកទេ ខ្ញុំមិនដឹងនឹងលុយប៉ានៅឯណាផងហ្នឹង!”
“ប៉ាទុកនៅទីនេះច្បាស់ណាស់ និ ឯងយកលុយប៉ាមែនទេ!”
“ខ្ញុំមិនបានយកទេប៉ា មុនហ្នឹងខ្ញុំឃើញប៉ាកាន់លុយដែរតើ! តែខ្ញុំមិនដឹងទេប៉ា ថាប៉ាយកវាទៅដាក់នៅទីណានោះ!”
“ប៉ាទុកនៅហ្នឹងច្បាស់ណាស់! ឯងទាំងពីរយកលុយប៉ាហើយ! ឆាប់មកនេះមក អ្នកណាបង្រៀនអោយឯងទាំងពីរចេះលួចបែបនេះហ្អា៎ស!”
គាត់បានស្រែកយ៉ាងខ្លាំងនឹងបានកាន់រំពាត់មកវាយខ្ញុំហើយនិងបងស្រីយ៉ាងខ្លាំង ខ្ញុំនិងបងស្រីមិនអាចធ្វើអ្វីបាន បានត្រឹមតែឈរឱបគ្នាយំប៉ុណ្ណោះ។ ក្រោយមកប៉ាក៏បានរកឃើញលុយដែលបាត់នោះ តាមពិតទៅគាត់បានយកទៅដាក់នៅក្នុងហោប៉ៅអាវរបស់គាត់ហើយ គាត់បានវង្វេងដៃដោយខ្លួនឯងហើយក៏មកចោទខ្ញុំនិងបងស្រី ។ ទោះដឹងថាគាត់ខុសក៏ដោយ ក៏គាត់មិនមកលួងនិងសុំទោសខ្ញុំដូចកាលពីខ្ញុំនៅតូចឡើយ ។
ចាប់តាំងពីពេលនោះមក ខ្ញុំក៏ក្លាយជាមនុស្សធំដឹងក្ដីម្នាក់ ខ្ញុំហើយនិងប៉ាក៏លែងជិតស្និតដូចកាលពីមុនទៀត ខ្ញុំចេះតែហីៗ ដើរគេចមុខពីប៉ា ខ្លាចប៉ា ខ្ញុំក៏ប្រែក្លាយជាមនុស្សម្នាក់ផ្សេង ជាមនុស្សដែល កោងកាច ឆ្មើងឆ្មៃ មិនស្ដាប់បង្គាប់ រឹងចចេស លែងដឹងខុសត្រូវ រាល់ពាក្យសម្ដីដែលប៉ានិងម៉ាក់និយាយខ្ញុំមិនដែលស្ដាប់គាត់ឡើយ ខ្ញុំបានដើរគេចគាត់រហូត...
“និ មកនេះ! ទៅយកទឹកអោយប៉ាផឹកបន្តិច!”
“ខ្ញុំខ្ចិលណាស់ប៉ា! ប៉ាទៅយកខ្លួនឯងទៅ!”
“យី! កូននេះ ប្រើមិនបានសោះតែម្ដង! ប្រើទៅតមាត់អោយប៉ប៉ាច់!”
“ប៉ាក៏មានជើងដើរដែរតើ! មិនទៅយកខ្លួនឯងទៅ មកប្រើខ្ញុំធ្វើអី!”
“យី ឯងនេះ យូរៗទៅចង់វាយស្មើប៉ាហើយតើ!”
“បើអ៊ីចឹង យ៉ាងម៉េចទៅប៉ា! រឺក៏ប៉ាចង់វាយខ្ញុំ ដូចកាលពីនៅតូចដែរមែនទេ!”
“នេះឯង កាន់តែព្រហើនហើយណា និ!”
“តើប៉ាចង់យ៉ាងម៉េចទៅ? ខ្ញុំទៅរៀនហើយ គ្មានពេលនៅឈ្លោះគ្នាជាមួយប៉ាទៀតទេ!”
ខ្ញុំបានដើរយ៉ាងលឿន ឡើងលើម៉ូតូជិះទៅកន្លែងយ៉ាងឆ្ងាយដោយគ្មានគោលដៅ ក្រោយមកខ្ញុំបានធ្វើដំណើរទៅបន្ទប់ជួលរបស់មិត្តភក្តិនៅឯតាមខេត្តដោយសុំពួកគេមិនអោយប្រាប់ដំណឹងដល់អ្នកផ្ទះខ្ញុំឡើយ ព្រោះតែមិត្តភាព និងការរាប់អានខ្ញុំទើបបណ្ដោយតាមចិត្តរបស់ខ្ញុំមួយខ្យល់។
[ការធ្វើសន្និសីទការសែត]
អ្នកកាសែត : សួស្តីប្រិយមិត្តដែលតែងតែតាមដានការឡាយផ្ទាល់របស់ខ្ញុំបាទ ឥលូវនេះ លោកអ៊ំប្រុសខាងនេះ គាត់បានបាត់កូនស្រីអស់រយៈពេល៣ថ្ងៃមកហើយ ទើបសម្រេចចិត្តមកប្ដឹងអ្នកកាសែតដើម្បីស្វែងរកកូនស្រី...
“តើកូនស្រីលោកអ៊ំ នាងមានរូបរាងបែបណាទៅលោកអ៊ំ? ហេតុអ្វីបានជានាងរត់ចេញពីផ្ទះបែបនេះអ៊ីចឹង?”
“នាងមានរូបរាងតូចស្ដើង កម្ពស់ប្រហែល១.៥៥ម មានសប្បុរស មុខមាត់ស្អាតបាត គួរអោយស្រឡាញ់! បើកូនបានឃើញការឡាយផ្ទាល់នេះហើយ សូមកូនមករកប៉ាវិញមក! ប៉ានឹកកូនណាស់! តាមពិតទៅ នេះសុទ្ធតែជាកំហុសរបស់ខ្ញុំទាំងអស់ ដែលមិនបានផ្ដល់ភាពកក់ក្ដៅដល់កូនអោយបានច្រើន ចេះតែព្រងើយកន្តើយដាក់នាង ទើបនាងក្លាយជាមនុស្សបែបនេះ ទោះបីនាងជាមនុស្ស ឆ្មើងឆ្មៃ កាចឆ្នាស់ឆ្នើម រឹងចចេស តែកូនម្នាក់នេះ មិនដែលធ្វើអោយគ្រួសារមានរឿងអាស្រូវឡើយ តាមដែលខ្ញុំដឹងកូនម្នាក់នេះជាក្មេងដែលឆ្លាតហើយរៀនពូកែម្នាក់ នាងតែងតែចិត្តល្អចំពោះមិត្តភក្ដិ ចំពោះម៉ាក់របស់នាង តែសម្រាប់ខ្ញុំនាងតែងតែត្រគោះបោះបោក...”
ខ្ញុំបានឃើញការឡាយផ្ទាល់របស់អ្នកសារព័ត៌មាន មើលទៅការឡាយផ្ទាល់នេះ ដូចជានៅជិតកន្លែងដែលខ្ញុំស្នាក់នៅដែរ ខ្ញុំបានចេញមកខាងក្រៅផ្ទះ ហើយដើរតម្រង់ទៅតាមផ្លូវដែលគេឡាយនោះ ខ្ញុំឃើញមានមនុស្សជុំៗ ខ្ញុំក៏ដើរទៅមើលគេទាំងងងឹតងងុល...
“ប៉ា!”
“តើកូនមករកប៉ាហើយមែនទេ និ!”
“បើខ្ញុំមិនមក ធ្វើម៉េចនឹងដឹងថាប៉ាល្អជាមួយខ្ញុំយ៉ាងណាទៅ! អោយខ្ញុំសុំទោសណាប៉ា! ខ្ញុំមិនគួរនិយាយអាក្រក់ៗដាក់ប៉ាឡើយ! ដំបូងខ្ញុំស្មានតែប៉ាលែងត្រូវការខ្ញុំហើយ ទើបខ្ញុំស្អប់ប៉ា ខឹងប៉ាបែបនេះ!”
“មិនអីទេណាកូន! នោះក៏ជាកំហុសរបស់ប៉ាដែរ បើពេលនោះប៉ារកនឹកគិតបន្តិច ប៉ាលួងកូនបន្តិច ក៏គ្មានរឿងនេះកើតឡើងដែរ ទាំងនោះសុទ្ធតែជាកំហុសរបស់ប៉ាទាំងអស់ ព្រោះប៉ាគិតថាការលួងលោមកូនធ្វើអោយកូនទាំង២បានចិត្ត និង អាចធ្វើរឿងនេះទៅថ្ងៃខាងមុខ តែប៉ាមិននឹកស្មានថាកូនទាំង២ខឹងនិងគុំគួនប៉ាដល់ថ្នាក់នេះទេ អោយប៉ាសុំទោសណាកូន!”
“ប៉ា កូនខុសហើយ អោយកូនសុំទោសផងណាប៉ា! លើកក្រោយខ្ញុំឈប់និយាយពាក្យទាំងនោះទៅកាន់ប៉ាទៀតហើយ!”
ខ្ញុំហើយនិងប៉ាបានយំឱបគ្នានៅមុខកាំមេរ៉ាឡាយផ្ទាល់របស់អ្នកកាសែត ក្រោយការសន្ទនារវាងខ្ញុំនិងប៉ារួចរាល់ហើយ អ្នកកាសែតក៏សុំខ្ញុំនិងប៉ាថតមួយបុស្ដិ៍ទុកជាតំណាងអ្នកយល់ចិត្ត រវាងប៉ាហើយនិងកូន។ បន្ទាប់មកទៀត ខ្ញុំបានសុំរូបថតមួយនោះពីអ្នកកាសែតមួយបុស្ដិ៍ទុកដាក់តាមខ្លួននិងបិទនៅក្នុងបន្ទប់ ដើម្បីដាស់តឿនសតិអារម្មណ៍របស់ខ្ញុំនៅថ្ងៃក្រោយ។
ចាប់តាំងពីពេលនោះមក ភាពស្និទ្ធស្នាលរវាងខ្ញុំហើយនិងប៉ាក៏បានត្រឡប់មកវិញដូចដើម លែងមានជំលោះ លែងមានការយល់ច្រឡំ គឺមានតែការយល់ចិត្តរវាងខ្ញុំហើយនិងប៉ាតទៅមុខរៀងទៅ។
***Download NovelToon to enjoy a better reading experience!***
Comments